សព្វថ្ងៃ អ្នកស្រី យឹម សុធី គឺជាប្រធានសមាគមអ្នកបម្រើការងារតាមផ្ទះ។ ដោយសារតែគ្រួសារមានបញ្ហាជីវភាពខ្វះខាត អ្នកស្រីបានបញ្ចប់ការសិក្សាត្រឹមថ្នាក់មធ្យមសិក្សាទុតិយភូមិប៉ុណ្ណោះ។
នៅក្នុងឆ្នាំ២០០៤ ដល់២០០៧ អ្នកស្រីគឺជាកម្មករធ្វើការងារតាមផ្ទះនៅក្នុងប្រទេសថៃ។ បន្ទាប់មកនៅឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ អ្នកស្រីបានចាប់ផ្តើមការងារជាបុគ្គលិកនៅក្នុងក្រុមហ៊ុនសម្អាតមួយ ហើយពេលនោះអ្នកស្រីក៏ជាអ្នកតំណាងឲ្យកម្មករនៅក្នុងក្រុមហ៊ុននោះផងដែរ។ រហូតដល់ឆ្នាំ២០១៣ អ្នកស្រីបានចូលបម្រើការងារនៅក្នុងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលហៅកាត់ថា អាយឌៀរ។ នៅក្នុងឆ្នាំ២០១៦ អ្នកស្រីបានលាឈប់ពីសមាគមអាយឌៀរ ហើយបានចាប់ផ្តើមបង្កើតសមាគមអ្នកបម្រើការងារតាមផ្ទះ ដោយបានចុះបញ្ជីនៅក្រសួងមហាផ្ទៃនៅឆ្នាំដដែល។
កត្ដាដែលជម្រុញឲ្យអ្នកស្រីក្លាយជាអ្នកការពារសិទ្ធិការងារជូនកម្មករបម្រើការងារតាមផ្ទះយ៉ាងសកម្មបែបនេះ ដោយសារតែអ្នកស្រីមានប្រវត្តិជាអ្នកធ្វើការងារតាមផ្ទះតាំងពីអាយុ១៤ឆ្នាំ ធ្លាប់រងអំពើហិង្សា និងការជេរប្រមាថពីម្ចាស់ផ្ទះ ជាពិសេសទទួលរងនូវការបៀតបៀន និងលក្ខខណ្ឌការងារមិនល្អជាដើម។ ចំពោះការងារកន្លងមក អ្នកស្រីតែងតែចុះចងក្រងសមាជិកថ្មី និងពន្យល់អំពីគោលការណ៍ និងលក្ខខណ្ឌការពារនៅក្នុងសមាគមទៅពួកគាត់ បន្ទាប់មកបណ្ដុះបណ្តាលដល់ពួកគាត់ ហើយបែងចែកឲ្យមានអ្នកតំណាងនៅក្នុងក្រុមទៅតាមគោលដៅនីមួយៗ ដើម្បីឲ្យពួកគាត់យល់អំពីភាពជាអ្នកដឹកនាំ។ ជារៀងរាល់បួនឆ្នាំម្តង សមាគមអ្នកស្រីតែងតែធ្វើសមាជ និងបោះឆ្នោតជ្រើសរើសប្រធានសម្រាប់អាណត្តិថ្មី។
សមិទ្ធផលកន្លងមកដែលសមាគមអ្នកស្រីសម្រេចបាន គឺកម្មករមានថ្ងៃឈប់សម្រាក ទទួលបានលុយអត្ថប្រយោជន៍ និងទទួលបានប្រាក់ខែសមរម្យ។ មួយវិញទៀត សមាគមអ្នកស្រីក៏បានជួយសម្រួលដល់អ្នកធ្វើការងារតាមផ្ទះនៅក្រៅប្រទេសដែលជួបបញ្ហាប្រឈម ឲ្យត្រឡប់មកផ្ទះវិញបានផងដែរ។ ក្រៅពីនេះ សមាជិកនៅក្នុងសមាគមអ្នកស្រីបានយល់ពីសមភាពយេនឌ័រច្រើន ដោយសារខាងសមាគមអ្នកស្រីមានការបណ្ដុះបណ្តាលទៅលើភាពស្មើគ្នារវាងបុរសនិងស្ត្រីទាំងនៅកន្លែងការងារ និងនៅផ្ទះ។
ក្រៅពីសមិិទ្ធផលជោគជ័យខាងលើនេះ ខ្លួនអ្នកស្រីផ្ទាល់ក៏ជួបបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាមានការតាមដាន និងឃ្លាំមើលពីអាជ្ញាធរនៅពេលដែលរៀបចំកម្មវិធីវគ្គបណ្តុះបណ្តាលផ្សេងៗ ការប្រើប្រាស់ពាក្យគំរោះគំរើយពីសំណាក់អាជ្ញាធរ ជាពិសេសមិនមានការគាំទ្រថវិកាពីម្ចាស់ជំនួយណាមួយ សម្រាប់សកម្មភាពដែលសមាគមអ្នកស្រីកំពុងធ្វើសព្វថ្ងៃ។ ក្រៅពីនេះ ថៅកែ ឬម្ចាស់ផ្ទះ តែងតែបិទសិទ្ធិកម្មករតាមផ្ទះមិនឲ្យចូលរួមជាមួយសកម្មភាពសមាគមជាដើម។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ អ្នកស្រីព្យាយាមសម្របសម្រួលជាមួយអាជ្ញាធរដោយពាក្យទន់ភ្្លន់ និងផ្អែកលើនីតិវិធីផ្លូវច្បាប់។
ក្នុងនាមអ្នកស្រីជាប្រធានសមាគម អ្នកស្រីមានផែនការចងក្រងសមាជិកបន្ថែម ជាពិសេសរំពឹងទុកសង្ឃឹមថា រាជរដ្ឋាភិបាលនឹងរៀបចំឲ្យមានតំណាងជាស្ត្រីពីខាងវិស័យកម្មករធ្វើការងារតាមផ្ទះដើម្បីធ្វើការចរចាថ្នាក់វិស័យក្នុងការការពារអត្ថប្រយោជន៍ជូនកម្មករតាមផ្ទះ។ មួយវិញទៀត អ្នកស្រីក៏មានផែនការជម្រុញឲ្យរដ្ឋាភិបាលផ្តល់សច្ចាប័នលើអនុសញ្ញា ១៨៩ ដើម្បីឲ្យកម្មករការងារតាមផ្ទះទទួលបានការការពារស្របតាមច្បាប់ផងដែរ។ អ្នកស្រីយល់ថា សមភាពយេនឌ័រគួរត្រូវបានលើកកម្ពស់ ដើម្បីឲ្យសង្គមជាតិមានការអភិវឌ្ឍ។ ជាក់ស្តែងដោយសារតែផ្នត់គំនិតកូនស្រីរៀនបានតិចជាងកូនប្រុស ទើបធ្វើឲ្យមានកម្មករជាស្ត្រីច្រើនលើសលុបនៅក្នុងសង្គម៕
ប្រភព៖ https://cchrcambodia.org/activists/women-human-rights-defenders-calendar-2020/mrs-yim-sothy